ធនាគារ​នៅ​ហុងកុង​ថ្កោលទោស​ចំពោះ អំពើហិង្សា និង​ជំរុញឱ្យមាន​ការស្ដារ​ភាព​សុខដុម​ឡើងវិញ

0
34

ធនាគារ​ធំៗ​មួយចំនួន​ក្នុង​ក្រុង​ហុងកុង​ដូចជា ធនាគារ​HSBC ធនាគារ Standard Chartered និង​ធនាគារ Bank of East Asia បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ពាណិជ្ជកម្ម​មួយ​ផ្ទាំង​ពេញ​របស់​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយបាន​អំពាវនាវ​សុំឱ្យ​មានការ​ការពារ​ច្បាប់ និង​បទបញ្ជា​ក្នុង​ដែនដី​របស់​ប្រទេស​ចិន​មួយ​នេះ និង​បានធ្វើការ​ថ្កោលទោស​ចំពោះ​អំពើហិង្សា បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​ជាច្រើន​សប្ដាហ៍ និង​គ្មាន​សញ្ញា​ណាមួយ​ថា​នឹង​ថមថយ​សោះ​នោះ។

កំហឹង​បាន​ផ្ទុះឡើង​កាលពី​ខែមិថុនា​ជុំវិញ​ច្បាប់​អនុញ្ញាត​ឱ្យមាន​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​បទឧក្រិដ្ឋ​ពី​ក្រុង​ហុងកុង​ទៅកាន់​តំបន់​ដីគោក និង​ដែល​ពេលនេះ​ច្បាប់​នេះ​ត្រូវបាន​ផ្អាក​អនុវត្ត​នោះ ពេលនេះ​បាន​ក្លាយជា​បញ្ហា​ដ៏​ក្ដៅគគុក​មួយ​ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ចាប់តាំងពី​លោក​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១២​មក។

ការតវ៉ា​ជា​បន្តបន្ទាប់​ទាំងនេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទីក្រុង ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​។ នេះ​បើតាម​ការព្រមាន​ពី​ធនាគារ​អាស៊ី​បូព៌ា​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ប្រាក់ចំណេញ​ដល់​ទៅ ៧៥% នៅ​ឆមាស​ទី​១ របស់ខ្លួន ដោយសារតែ​ទំហំ​ប្រាក់កម្ចី​នៅ​ចិនដីគោក​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

ដោយឡែក ធនាគារ​Standard Chartered បានលើកឡើង​ក្នុង​ទំព័រ​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខាង​ធនាគារ​បាន​គាំទ្រ​រដ្ឋាភិបាល​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ការពារ​ស្ថានភាព​របស់​ក្រុង​ហុងកុង​ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here