ក្រុម Aston Villa​រកបាន​ពិន្ទុ​ដំបូង​ពេល​ឈ្នះ​ក្រុម Everton​នៅ Premier League

0
33

ក្រុម​ទើប​ឡើង​តារាង Aston Villa​រកបាន​ពិន្ទុ​ដំបូង​នៅ Premier League​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ ជាមួយនឹង​ជ័យជំនះ​២-០​លើ​ក្រុម Everton​ដោយសារ​គ្រាប់​បាល់​ពី​កីឡាករ Wesley និង​កីឡាករ Anwar El Ghazi នៅក្នុង​ទឹកដី Villa Park​កាលពី​ថ្ងៃ​សុក្រ។
ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Wesley របស់​ក្រុម Aston Villa​ដែល​ទើប​ទិញ​បាន​អំឡុង​រដូវ​កាល​បិទ​ការប្រកួត​ក្នុងតម្លៃ​កំណត់ត្រា​របស់​ក្លិប​២២​លាន​ផោន​នោះ បានធ្វើ​ឲ្យ​ពួកគេ​នាំមុខ​មុន​នៅ​នាទី​២១ ក្រោយ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Jota។

ក្រុម Everton​ដែល​នឹង​អាច​ដណ្តើមបាន​តំណែង​កំពូល​តារាង​ជាមួយនឹង​ជ័យជំនះ​មួយ​នេះ ជិត​តាម​ស្មើ​វិញ​ផងដែរ​នៅក្នុង​តង់​ទី​១ ប៉ុន្តែ​ការ​ស៊ុត​បាល់​របស់​កីឡាករ Dominic Calvert-Lewin ត្រូវបាន​ទាត់​បាល់​បញ្ចេញ​ដោយ​ខ្សែការពារ Bjorn Engels។

ក្រុម Everton​ដែល​រកបាន​៤​ពិន្ទុ​ពី​៣​ប្រកួត​នោះ ពិបាក​នឹងដាក់​សំពាធ​លើ​គូប្រកួត​របស់ខ្លួន​ខ្លាំងណាស់ រហូតដល់​អ្នកចាត់កា​រ Marco Silva សម្រេចចិត្ត​ដាក់​កីឡាករ​ជើង​ថ្មី Moise Kean និង Alex Iwobi ឲ្យ​ចូល​លេង​ក្រោយ​រយៈពេល​១​ម៉ោង។

កីឡាករ Iwobi បាន​ស៊ុត​បាល់​ប៉ះចំ​បង្គោល​ទី​នៅ​នាទី​៨២ ជាមួយនឹង​ការ​ស៊ុត​បាល់ទាត់​កាត់​តាម​តំបន់​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ហើយ​កីឡាករ​អតីត​ខ្សែបម្រើ​ស្លាប​ក្លិប Arsenal​កីឡាករ Theo Walcott បាត់បង់​ឱកាស​មាសរ​បស់​ខ្លួន​ផងដែរ ដោយសារតែ​ការ​ពេន​មួយ​ជើង​របស់គាត់​បែរជា​ត្រូវ​ខាងក្រៅ​បង្គោល​ទី ក្រោយ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ Kean។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Aston Villa​ដែល​បាន​វិលត្រឡប់​មកលេង​នៅ​ក្របខណ្ឌ​កំពូល​វិញ​ក្រោយ​អវត្តមាន​អស់​រយៈពេល​៣​ឆ្នាំ បានធ្វើ​ឲ្យ​ប្រាកដ​ចំពោះ​ជ័យជំនះ​របស់​ពួកគេ​នៅ​ម៉ោង​បញ្ចប់​ការប្រកួត ពេលដែល​កីឡាករ​បម្រុង​សញ្ជាតិ​ហូ​ឡង់ El Ghazi ពេន​មួយ​ជើង​ទៀត​បានសម្រេច។

អ្នកចាត់ការ​របស់​ក្រុម Aston Villa​លោក Dean Smith សប្បាយរីករាយ​ខ្លាំងណាស់​នឹង​លទ្ធផល​មួយ​នេះ បន្ទាប់ពី​ទាត់​ចាញ់​ក្រុម Spurs​នៅ​ការប្រកួត​បើកឆាក និង​ចាញ់​ក្រុម Bournemouth​នៅក្នុង​ទឹកដី​ខ្លួនឯង​កាលពី​សប្តាហ៍​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here